Our social:

Tuesday, March 28, 2017

​គ្រូ​បង្វឹក​​ថៃ​​ ថា​អាច​ស្មើ​ជាមួយ​ជប៉ុន​ ទុក​ថា​​ជោគជ័យ​ហើយ​​ល្ងាច​នេះ

លោក​ Kiatisak Senamuang ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ ​បាន​លើក​ឡើង​ថា ​ការ​យក​ឈ្នះ​លើ​ជប៉ុន​ក្នុង​ទឹកដី​របស់​ពួកគេ​គឺជា​រឿង​ពិបាក​បំផុត ​​ហើយ​បើ​បាន​ត្រឹម​ស្មើ​ ​​គឺ​អាច​​ចាត់​ទុក​ថា​​ជោគជ័យ​ហើយ។
លោក​ Kiatisak Senamuang ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ
​ថៃ ​នឹង​ប៉ះ​ជប៉ុន​ ​​​ក្នុង​វគ្គ​ជម្រុះ​ World Cup 2018 ​ជុំ​ទី​៣ ពូល​ B ​​នា​ទីក្រុង​ Saitama ​វេលា​ម៉ោង​០៥:៣៥​នាទី​ល្ងាច​នេះ។ កាល​ជើង​​​ទី​១ ​នៅ​ទីក្រុង​បាងកក ​ថៃ​បាន​ចាញ់​ជប៉ុន​ ២-០ ​រួច​ម្តង​ហើយ។ ​បច្ចុប្បន្ន​ជប៉ុន​ មាន​១៣​ពិន្ទុ​ ស្មើ​ក្រុម​កំពូល​តារាង​​អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែ​ចាញ់​គ្រាប់​ស៊ុត។ រីឯ​ថៃ ​កំពុង​ស្ថិត​នៅ​លេខ​៦ ​បាត​តារាង​មាន​ត្រឹម​១​ពិន្ទុ ​​បន្ទាប់​ពី​ចាញ់​អារ៉ាប៊ីសាអ៊ូឌីត ៣-០ ​ក្នុង​ដី​ កាល​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ទៀត។
មុន​ជំនួប​ធំ​ល្ងាច​នេះ​ គ្រូ​បង្វឹក​ថៃ ​ឈ្មោះ​​ហៅ​ក្រៅ​ថា​ "Zico” ​បាន​និយាយ​​ថា៖ "យើង​ដឹង​ថា ​ជប៉ុន​ជា​ក្រុម​មួយ​ល្អ​បំផុត​នៅ​អាស៊ី។ ពួកគេ​មាន​បច្ចេកទេស​ល្អ​ជាង​យើង ប៉ុន្តែ​កីឡាករ​របស់​យើង​ នឹង​ខិតខំ​ឲ្យ​អស់​ពី​បេះដូង។ វា​ជា​ឱកាស​ល្អ​​ ដែល​​បាន​លេង​ទល់​នឹង​ជប៉ុន​ ​ព្រោះ​ពួកគេ​ធ្លាប់​ឡើង​លេង​ World Cup ជា​ច្រើន​ដង។ យើង​នឹង​ព្យាយាម​លេង​ឲ្យ​ល្អ។ ​បើ​យើង​រក​បាន​១​​ពិន្ទុ ​វា​​គឺជា​ជោគជ័យ​មួយ​សម្រាប់​យើង​ ប៉ុន្តែ​​វា​ពិត​ជា​ពិបាក​ ​ដើម្បី​រក​៣​ពិន្ទុ​នៅ​ទីនោះ”៕






0 comments:

Post a Comment